LawAccess NSW គឺជាសេវាទូរស័ព្ទឥតគិតថ្លៃរបស់រដ្ឋាភិបាល ដែលផ្តល់ព័ត៌មាននិងឱវាទផ្លូវច្បាប់ ហើយនិងការបញ្ជូនសំរាប់អ្នកដែលមានបញ្ហាផ្លូវច្បាប់នៅក្នុងរដ្ឋ NSW ។
តើយើងខ្ញុំអាចជួយលោកអ្នកតាមវិធីណា?
បើលោកអ្នកត្រូវឡើងតុលាការ មានបញ្ហាផ្លូវច្បាប់ ឬមានសំណួរអំពីច្បាប់ យើងខ្ញុំអាចជួយលោកអ្នកក្នុងការទទួលជំនួយដែលលោកអ្នកត្រូវការ។
យើងខ្ញុំមានភ្នាក់ងារសេវាអតិថិជនដែលអាច៖
- ផ្តល់ជូនលោកអ្នកនូវព័ត៌មានដើម្បីជួយលោកអ្នកលើបញ្ហាផ្លូវច្បាប់។
- រៀបចំអោយភ្នាក់ងារច្បាប់ម្នាក់របស់យើងខ្ញុំផ្តល់ជូនលោកអ្នកនូវឱវាទផ្លូវច្បាប់តាមទូរស័ព្ទ បើសេចក្តីត្រូវការរបស់លោកអ្នកមានភាពសមស្របនឹងគោលការណ៍យើងខ្ញុំអំពីការទទួលឱវាទផ្លូវច្បាប់។
- បញ្ជូនលោកអ្នកទៅកាន់សេវាច្បាប់ឬសេវាពាក់ព័ន្ធមួយទៀត ដែលនឹងមានសមត្ថភាពប្រសើរបំផុតដើម្បីជួយលោកអ្នក។
- ផ្ញើជូនលោកអ្នកនូវព័ត៌មានដែលអាចជួយលោកអ្នកលើបញ្ហាផ្លូវច្បាប់។
LawAccess NSW ត្រូវបានបង្កើតឡើងដើម្បីជួយអ្នកដែលមានការលំបាកក្នុងការទទួលសេវាផ្លូវច្បាប់។ជាពិសេស យើងខ្ញុំជួយអតិថិជនដែល៖
- រស់នៅក្នុងតំបន់ជនបទនៃរដ្ឋ NSW
- ជាជនជាតិដើម Aboriginal ឬ Torres Strait Islander
- មានពិការភាព
- មកពីសាវតារដែលមានវប្បធម៌និងភាសាផ្សេងៗគ្នា
- អាចមានគ្រោះថ្នាក់
យើងខ្ញុំទទួលស្គាល់ថា ប្រជាពលរដ្ឋមានការលំបាកក្នុងការទទួលសេវាផ្លូវច្បាប់សមស្រប ដោយសារតែមូលហេតុផ្សេងទៀតជាច្រើន។ ភ្នាក់ងារសេវាអតិថិជនរបស់យើងខ្ញុំទទួលការបណ្តុះបណ្តាលដើម្បីជួយលោកអ្នកក្នុងការស្វែងរកជំនួយដែលលោកអ្នកត្រូវការ។
តើបញ្ហាផ្លូវច្បាប់ប្រភេទណាដែលយើងខ្ញុំអាចជួយលោកអ្នកបាន?
យើងខ្ញុំអាចជួយលោកអ្នកលើបញ្ហាផ្លូវច្បាប់មួយចំនួន ដោយមានរួមទាំង៖
- បញ្ហាប្រាក់ជំពាក់និងឥណទាន
- ច្បាប់គ្រួសារនិងចំណងមេត្រីភាពដូចប្តីប្រពន្ធ
- ទំនាស់ជាមួយអ្នកជិតខាង
- បណ្តាំកេរ្តិ៍មរតកនិងគេហដ្ឋានដីធ្លី
- បទល្មើសចរាចរណ៍
- ច្បាប់ប្រកបការងារ
- ច្បាប់ព្រហ្មទណ្ឌ
- ដីកាហាមឃាត់អំពើហិង្សា (Apprehended Violence Orders - AVOs)
- ច្បាប់អ្នកប្រើប្រាស់
- គ្រោះថ្នាក់រថយន្ត
- បណ្តឹងអំពីមេធាវី
តើលោកអ្នកអាចទាក់ទងយើងខ្ញុំតាមរបៀបណា?
ទូរស័ព្ទ
លោកអ្នកអាចទូរស័ព្ទមកយើងខ្ញុំតាមលេខ 1300 888 529 ពីម៉ោង 9ព្រឹក ដល់ម៉ោង 5ល្ងាច ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ (លើកលែងតែថ្ងៃឈប់សំរាកសាធារណៈ)។
បើលោកអ្នកមានពិការភាពក្នុងការស្តាប់ឬនិយាយ លោកអ្នកអាចទូរស័ព្ទមកយើងខ្ញុំតាមលេខ 1300 889 529 ពីម៉ោង 9ព្រឹក ដល់ម៉ោង 5ល្ងាច ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ (លើកលែងតែថ្ងៃឈប់សំរាកសាធារណៈ)។
សេវាបកប្រែភាសា (TIS)
លោកអ្នកអាចទាក់ទងយើងខ្ញុំតាមរយៈសេវាបកប្រែភាសា (TIS) តាមទូរស័ព្ទលេខ 131 450 ។ TIS នឹងរៀបចំអោយមានអ្នកបកប្រែភាសារបស់លោកអ្នកតាមទូរស័ព្ទ នៅពេលដែលលោកអ្នកទាក់ទងយើងខ្ញុំ។ TIS គឺជាសេវាឥតគិតថ្លៃនិងលាក់ការសម្ងាត់។
វិបសៃ LawAccess
វិបសៃ www.lawaccess.nsw.gov.au យើងខ្ញុំ គឺជាកន្លែងចាប់ផ្តើមដ៏សំខាន់ដើម្បីស្វែងរកព័ត៌មានអំពីបញ្ហាផ្លូវច្បាប់ ឬសំណួរអំពីច្បាប់។
ដោយប្រើវិបសៃយើងខ្ញុំ លោកអ្នកនឹងអាច៖
- បើកមើលព័ត៌មានផ្លូវច្បាប់ដែលងាយអានជាង 2000 ដូចជាប័ណ្ណព័ត៌មាន ក្រដាសបំពេញ និងឯកសារបោះផ្សាយទាំងឡាយ។
- រកឃើញដោយងាយស្រួលនូវព័ត៌មាននៅក្នុងផ្នែកច្បាប់ទូទៅនានា ដូចជាបញ្ហាប្រាក់ជំពាក់ ច្បាប់គ្រួសារ និងអ្នកជិតខាង។
- បើកមើលព័ត៌មាននិងឯកសារបោះផ្សាយទាំងឡាយដែលផលិតដោយសេវាផ្លូវច្បាប់របស់រដ្ឋាភិបាលនិងក្រៅរដ្ឋាភិបាលមួយចំនួនផ្សេងៗគ្នា ដូចជា Legal Aid NSW, Community Legal Centres និងតុលាការក្នុងតំបន់ឬតុលាការគ្រួសារ។
វិបសៃយើងខ្ញុំផ្តល់ភាពងាយស្រួលក្នុងការស្វែងរក ហើយលោកអ្នកអាចបើកមើលគ្រប់ពេលទាំងអស់។
សេវាបញ្ជូនទៅមេធាវី
តើលោកអ្នកត្រូវការរកមេធាវីផ្ទាល់ខ្លួនឬទេ?
បើលោកអ្នកត្រូវការជំនួយពីមេធាវីផ្ទាល់ខ្លួន យើងខ្ញុំអាចធ្វើការរួមគ្នាជាមួយនឹង Law Society of NSW ដើម្បីរកមើលឈ្មោះមេធាវីឯកជនបីនាក់នៅក្នុងទីកន្លែងឬផ្នែកណាមួយនៃច្បាប់ ដើម្បីផ្ញើជូនលោកអ្នកតាមប្រៃសណីយ៍ ទូរសារ ឬអ៊ីមែល។
តើខ្ញុំអាចទទួលឱវាទផ្លូវច្បាប់ពី LawAccess NSW ឬទេ?
យើងខ្ញុំមានភ្នាក់ងារច្បាប់ដែលអាចផ្តល់ឱវាទផ្លូវច្បាប់តាមទូរស័ព្ទ។ យ៉ាងណាមិញ យើងខ្ញុំមិនអាចផ្តល់ឱវាទផ្លូវច្បាប់ជូនជនរាល់រូបបានទេ។ ការសាកសួរផ្លូវច្បាប់ត្រូវតែមានភាពសមស្របនឹងគោលការណ៍យើងខ្ញុំអំពីសិទ្ធិទទួលឱវាទផ្លូវច្បាប់ ហើយត្រូវតែសមរម្យនឹងពិភាក្សាតាមទូរស័ព្ទ។
តើខ្ញុំអាចទទួល Legal Aid (ជំនួយផ្លូវច្បាប់) ឬទេ?
ថាតើលោកអ្នកអាចទទួល Legal Aid ដែរឬទេនោះគឺអាស្រ័យលើប្រភេទនៃបញ្ហាដែលលោកអ្នកមាន និងប្រាក់ចំណូលរបស់លោកអ្នក។ បើលោកអ្នកមិនដឹងច្បាស់ថាតើលោកអ្នកនឹងទទួល Legal Aid ឬទេនោះ ភ្នាក់ងារសេវាអតិថិជនរបស់យើងខ្ញុំអាចជួយលោកអ្នកដើម្បីរកមើលថាតើលោកអ្នកអាចទទួល Legal Aid ឬទេ និងជួយលោកអ្នកក្នុងការសរសេរបំពេញពាក្យសុំ Legal Aid ។
ហេតុអ្វីបានជាយើងខ្ញុំបញ្ជូនទៅកាន់សេវាផ្សេងទៀត?
ក្រោយពីស្តាប់បញ្ហាផ្លូវច្បាប់របស់លោកអ្នកហើយ ភ្នាក់ងារសេវាអតិថិជនរបស់យើងខ្ញុំអាចរកមើលដឹងថា សេវាឯកទេសមួយផ្សេងទៀតប្រហែលជាផ្តល់ជំនួយជូនលោកអ្នកប្រសើរជាងយើងខ្ញុំ។ ជួនកាលបញ្ហាផ្លូវច្បាប់របស់លោកអ្នកអាចទទួលការដោះស្រាយរឹតតែសមរម្យឡើងតាមរយៈការទៅជួបទល់មុខគ្នាជាមួយអ្នកណាម្នាក់។ ភ្នាក់ងារសេវាអតិថិជនរបស់យើងខ្ញុំនឹងធ្វើឲប្រាកដថា លោកអ្នកមានទំនាក់ទំនងជាមួយសេវាសមរម្យបំផុត។
LawAccess NSW គឺជាការផ្តួចផ្តើមរបស់ Attorney General’s Department of NSW, Legal Aid NSW, Law Society of NSW និង NSW Bar Association ។